បុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ កម្ពុជសុរិយា ឆ្នាំទី ៤៨ លេខ ២ ខែមេសា ឧសភា មិថុនា ព. ស. ២៥៣៧ គ. ស. ១៩៩៤ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណិចំបងមួយ ក្នុងចំណោមបុណ្យប្រពៃណីផ្សេង ៗ ទតរបស់ប្រជាជនកម្ពុជា ។ បុណ្យនេះ មានលក្ខណៈជាបុណ្យគោរពវិញ្ញាណក្ខន្ធរបស់បុព្វបុរស ញាតិសន្តាន ដែលបានធ្វើមរណកាលទៅហើយ ។ ១- របៀបភ្ជុំបិណ្ឌរបស់ខ្មែរ : ប្រជាជនកម្ពុជា ប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃ ១ រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ រៀងរាល់ឆ្នាំ ។ ពីថ្ងៃ ១ រោច ដល់ថ្ងៃ ១៤ រោច ហៅថា ថ្ងៃកាន់បិណ្ឌ ហើយថ្ងៃ ១៥ រោច ហៅថា ថ្ងៃភ្ជុំបុណ្ឌ ។ ក្នុងឱកាសកាន់បិណ្ឌនេះ, ចាស់ព្រឹទ្ធាចារ្យ យាយតា ដែលមានសទ្ធាមុតមាំក្នុងព្រះពុទ្ធ-សាសនា បានលះបង់ផ្ទះសំបែង កូនចៅ ទៅនៅវត្ត សមាទានសីល ៥ សីល ៨ ឬអតិរេកសីល ចំរើនមេត្តាភាវនា បំរើព្រះសង្ឃ និងសំអាតទីអារាមជាដើម ។ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយ ៗ បានបែងចែកគ្នាជាវេនចំនួន ១៤ ថ្ងៃ ឬ ១៤ បិណ្ឌ ។ ក្នុងបិណ្ឌនីមួយ ៗ នៅពេលយប់ គេជួបជុំគ្នាប្រគេន – ជូនភេសជ្ជៈចំពោះព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចំរើនព្…