ដើរកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួននៅរស់៖ បទពិសោធន៍នៃពន្លឺជីវិត
សុបិនអាក្រក់បានកន្លងផុតទៅ ដោយបន្សល់ទុកនូវមេរៀន និងបទពិសោធន៍ដ៏មានតម្លៃបំផុតសម្រាប់ជីវិត។
“ដើរកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួននៅរស់” គឺជាឃ្លាដែលខ្ញុំតែងតែលើកយកមកដាស់តឿនខ្លួនឯង និងចែករំលែកទៅកាន់មិត្តភក្តិ រួមទាំងអ្នកជុំវិញខ្លួនដែលមានទុក្ខលំបាក។ នៅពេលដែលយើងស្ដាប់រឿងរ៉ាវដ៏សែនជូរចត់របស់ពួកគេ វាក៏បានរំលឹកដល់រូបខ្ញុំថា ជីវិតខ្ញុំក៏ធ្លាប់ឆ្លងកាត់ព្យុះភ្លៀង និងភាពស្មុគស្មាញមិនចាញ់គ្នាដែរ។ វាគឺជាគ្រឿងក្រើនរំលឹកថា ទុក្ខលំបាកទាំងឡាយដែលយើងកំពុងប្រឈម វានឹងរលាយបាត់ទៅវិញនៅថ្ងៃណាមួយ ដូចជាពពកខ្មៅងងឹតដែលត្រូវខ្យល់បក់រសាត់ទៅ ដើម្បីបើកផ្លូវឱ្យពន្លឺថ្ងៃដ៏ត្រចះត្រចង់មកជំនួសវិញ។
នេះគឺជាសច្ចធម៌នៃជីវិត។ ក្នុងខណៈពេលដែលអ្នកកំពុងតែរងទុក្ខវេទនា ចូរដឹងចុះថា អ្នកមិនមែននៅឯកោនោះទេ។ មានមនុស្សរាប់លាននាក់នៅលើលោកនេះ កំពុងតែជួបទុក្ខលំបាកដូចអ្នក ឬលើសអ្នករាប់រយរាប់ពាន់ដង។ អ្វីដែលសំខាន់បំផុត មិនមែនជាទំហំនៃទុក្ខនោះទេ ប៉ុន្តែគឺ “តើអ្នកត្រូវឆ្លងកាត់វាតាមវិធីណា?”
ជាទូទៅ មនុស្សភាគច្រើនតែងតែមានទម្លាប់គិតខ្លី នៅពេលដែលព្យុះជីវិតបោកបក់មកដល់។ ពួកគេតែងតែថ្ងួចថ្ងូរថា៖ “ឱ! ជីវិតអើយ ហេតុអ្វីក៏លំបាកម្ល៉េះ? ឯកោណាស់ ឈឺចាប់ណាស់... ហេតុអ្វីពិភពលោកនេះឃោរឃៅចំពោះខ្ញុំម្ល៉េះ?” ការបណ្តោយឱ្យក្ដីទុក្ខគ្រប់គ្រងលើប្រព័ន្ធគំនិត និងបញ្ញាស្មារតី ប្រៀបដូចជាការបណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងរណ្ដៅនៃភាពក្ដៅក្រហាយដែលគ្មានបាត ហើយអ្នកខ្លះក៏ជ្រើសរើសផ្លូវបញ្ចប់ជីវិត ដើម្បីរត់គេចពីបញ្ហា។
សូមក្រឡេកមកមើលសាច់រឿងមួយដែលល្បីល្បាញទូទាំងពិភពលោក ស្តីពីស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ មិណេកោះ អិវាឆាគិ (Mineko Iwasaki) ។ នាងមានប្រវត្តិរូបដ៏កម្សត់ ជាក្មេងស្រីកំព្រា ខ្វះការអប់រំ និងត្រូវបានឪពុកមារលក់ទៅឱ្យម្ចាស់ផ្ទះម្នាក់ឈ្មោះ កេអិឆា តាំងពីក្មេង។ ជីវិតនាងពោពេញទៅដោយទុក្ខព្រួយ និងការបាត់បង់មនុស្សជាទីស្រឡាញ់ជាបន្តបន្ទាប់។ ដោយសារតែវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេក នាងក៏បានសម្រេចចិត្តដើរចូលទៅក្នុងព្រៃជ្រៅ អង្គុយហាលព្យុះព្រិលដ៏ត្រជាក់កក ដើម្បីរង់ចាំសេចក្ដីស្លាប់យ៉ាងអាណោចអាធ័ម។
ប៉ុន្តែ ជាសំណាងល្អ បុរសជរាម្នាក់បានមកជួយសង្គ្រោះនាងទាន់ពេលវេលា។ គាត់បានពោលពាក្យមួយឃ្លាដែលដាស់សតិរបស់នាងឱ្យភ្ញាក់រឭកថា៖ «បុគ្គលដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន រមែងជាបុគ្គលដែលឃើញតែសេចក្ដីស្លាប់នៅចំពោះមុខប៉ុណ្ណោះ» ។ គាត់បានណែនាំឱ្យនាងត្រឡប់ទៅក្នុងទីក្រុងវិញ ហើយចាប់ផ្ដើមធ្វើអំពើល្អដល់អ្នកដទៃឱ្យបានបន្តិចម្ដងៗជារៀងរាល់ថ្ងៃ។ គាត់បានសន្យាថា បើធ្វើបែបនេះហើយ នាងនៅតែចង់ស្លាប់ទៀត គាត់នឹងជួយឱ្យនាងបានស្លាប់តាមបំណង។
នាងក៏យល់ព្រមតាមការណែនាំ។ នាងចាប់ផ្ដើមទិញសៀវភៅឱ្យកុមារកំព្រា និងនិទានរឿងឱ្យក្មេងៗស្ដាប់។ មិនយូរប៉ុន្មាន នាងក៏ចាប់ផ្ដើមតែងរឿងនិទានដោយខ្លួនឯង។ ចាប់ពីថ្ងៃនោះមក នាងក៏យល់ឃើញថា ទុក្ខសោកមិនមែនជារបស់នាងម្នាក់ឯងឡើយ។ នៅពេលដែលនាងបានផ្តល់ក្ដីស្រឡាញ់ដល់អ្នកដទៃ ចិត្តដែលចង់ស្លាប់ក៏បានរលាយបាត់ទៅ សូម្បីតែក្នុងសុបិន ក៏នាងមិនចង់ត្រឡប់ទៅរកព្រៃនៃសេចក្ដីស្លាប់នោះវិញដែរ។
“ក្ដីសុខមិនដែលនៅឆ្ងាយពីអ្នកឡើយ ប្រសិនបើអ្នកមិនបោះបង់ការព្យាយាម” ។ រាល់ជោគវាសនា គឺស្ថិតនៅលើបាតដៃរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសបោះបង់ អ្នកគឺជាអ្នកបរាជ័យ។ ប៉ុន្តែប្រសិនបើអ្នកចង់ក្លាយជាអ្វី អ្នកនឹងបានជាយ៉ាងនោះ តាមរយៈការអនុវត្ត ពុំមែនតាមរយៈការរង់ចាំ តាមរយៈសមត្ថភាព និងការប៉ិនប្រសប់ ពុំមែនតាមរយៈជោគវាសនា ឬព្រហ្មលិខិតឡើយ។ “បើការតាំងចិត្តរឹងមាំដល់កម្រិតនេះ តើព្រហ្មលិខិតឯណាអាចយកឈ្នះកម្លាំងនៃការព្យាយាមបាន?”
ដូច្នេះ សូមចងចាំថា រាល់ទុក្ខលំបាកដែលអ្នកកំពុងពុះពារ គឺជាបទពិសោធន៍មាសដ៏មានតម្លៃ។ ទោះបីជាទុក្ខនោះធំប៉ុនណាក៏ដោយ ឱ្យតែយើងនៅមានដង្ហើម យើងនឹងអាចដោះស្រាយបានទាំងអស់ ដោយប្រើ “បញ្ញា” ជំនួស “អារម្មណ៍” ប្រើ “ការគិតវែងឆ្ងាយ” ជំនួស “ការគិតខ្លី” និងប្រើ “ភាពអំណត់” ជំនួស “ចិត្តឆេវឆាវ” ។ ទាំងនេះគឺជាអាវុធដ៏ស័ក្តិសិទ្ធិដែលធម្មជាតិបានប្រទានមកឱ្យមនុស្សជាតិ ដើម្បីយកឈ្នះរាល់ឧបសគ្គក្នុងជីវិត។
