ប្រវត្តិនៃវត្តបទុមវតីរាជវរារាម
ប្រវត្តិនៃវត្តបទុមវតីរាជវរារាម ក្រុងភ្នំពេញ ឃុនបណ្ណានុរក្ស ប៊ូ - ប៉ូ រៀបរៀង ឆ្នាំទី ២៧ ខែសីហា លេខ ៨ ព.ស. ២៤៩៨ - គ.ស. ១៩៥៥ វត្តបទុមវតីរាជវរារាម ដែលតាំងនៅក្នុងសង្កាត់លេខ ៤ ក្រុងភ្នំពេញ សព្វថ្ងៃនេះ កាលដើមឡើយ ជាទីដំណែលវត្តចាស់បុរាណឈ្មោះថា "វត្តខ្ពតាយ៉ង" កើតមានជាយូរអង្វងជាង ៥០០ ឆ្នាំមកហើយដូចមានសេចក្ដីកត់ត្រាក្នុងព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតី បច្ឆិមសម័យខ្សែទី ៣ តាំងពីទំព័រលេខ ៨៣ រៀងទៅថា ៖ កាលព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) បានសោយរាជសម្បត្តិហើយទ្រង់គង់នៅក្រុងនគរធំបាន ១៦ ឆ្នាំ ស្ដេចបោះបង់ចោលក្រុងនគរធំមកសាងក្រុងថ្មីនៅទួលបាសាន ក្នុងខែត្រស្រីសន្ធរ ទ្រង់គង់នៅក្រុងថ្មីនេះបានតែ ១ ឆ្នាំ ស្ដេចចេញមកសាងក្រុងភ្នំពេញជាគ្រាដំបូង ក្នុងឆ្នាំថោះសប្ដស័ក ព. ស. ១៩៧៨ គ. ស. ១៤៣៥ ។ គ្រាសាងក្រុងនោះ ព្រះអង្គត្រាស់បង្គាប់ឲ្យជីកព្រែក, ឲ្យធ្វើផ្លូវថ្នល់, ឲ្យកសាងវត្តជាច្រើននៅក្នុងក្រុង ដូចមានឈ្មោះព្រែកនឹងឈ្មោះវត្តនៅជាប់រហូតមកដល់សព្វថ្ងៃនេះ ។ ទ្រង់ឲ្យកសាងវត្តមួយន…