បុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ កម្ពុជសុរិយា ឆ្នាំទី ៤៨ លេខ ១ ខែ មករា-កុម្ភៈ-មីនា ព. ស. ២៥៣៧ គ. ស. ១៩៩៤ គ្រប់ប្រជាជាតិក្នុងលោក សុទ្ធតែមានការចូលឆ្នាំរបស់ខ្លួន គ្រាន់តែប្លែកគ្នាត្រង់ការកំណត់ពេកចូល និងពិធីធ្វើខុសគ្នាប៉ុណ្ណោះ ។ ឯប្រជាជនខ្មែរ ក៏មានការចូលឆ្នាំប្រពៃណីរបស់ខ្លួន តាំងពីបុរាណកាលមកដែរ ។ I- ពេលវេលាចូលឆ្នាំខ្មែរ កាលដើមឡើយ ខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំ ក្នុងខែមិគសិរ ព្រោះគេកំណត់យកខែនេះ ជាខែដើមឆ្នាំ ។ នាសម័យព្រេងនាយ ឆ្នាំនីមួយ ៗ ចែកជា ៣ រដូវ តាមចន្ទគតិ គឺ ហេមន្តរដូវ គិម្ហរដូវ និង វស្សានរដូវ ។ បុរាណាចារ្យលោកគិតថា ហេមន្តរដូវ ជារដូវត្រជាក់ ត្រូវចាត់ទុកជារដូវដើមឆ្នាំ ប្រៀបបាននឹងពេលព្រឹក ដែលផុតពីរាត្រី គឺជាដើមថ្ងៃ ។ គិម្ហរដូវ ជារដូវក្ដៅ ត្រូវចាត់ទុកជាកណ្ដាលឆ្នាំ ប្រៀបដូចជាពេលថ្ងៃត្រង់ ។ វស្សានរដូវ ជារដូវដែលមេឃមីរ ងងឹតមានភ្លៀងផ្គរ ត្រូវចាត់ទុកជាចុងឆ្នាំ ប្រៀបបាននឹងពេលព្រលប់ ។ ចំណេរកាលក្រោយមក, គ្រាដែលបុព្វបុរសខ្មែរយើង អនុលោមប្រើចុល្លសករាជជាសំ…