ពិធី​បួង​សួង​សុំ​ទឹក​ភ្លៀង

ពិធី​បួង​សួង​សុំ​ទឹក​ភ្លៀង
ពិធី​បួង​សួង​សុំ​ទឹក​ភ្លៀង លោក ឆយ ស៊ី​ផាត រៀបរៀង កម្ពុជសុរិយា ឆ្នាំ​ទី ៤៤ ខែ​មិថុនា ព. ស. ២៥១៦ គ. ស. ១៩៧២ តាម​បវេណី​ពី​បូរាណ​កាល​មក នៅ​ប្រទេស​កម្ពុជា​យើង​នេះ បព្វបុរស​របស់​យើង​លោក​តែង​បាន​រៀប​តាក់​តែង​ធ្វើ​ពិធី​បួង​សួង​សុំ​ភ្លៀង ឬ​ហៅ​ថា​ពិធី​វរុណសាស្ត្រ នៅ​ក្នុង​ឆ្នាំ​ណា​ដែល​រាំង​ភ្លៀង ។ ក៏​ប៉ុន្តែ​តាម​ប្រក្រតី​ធម្មតា​នោះ ច្រើន​តែ​ក្នុង​ខែជេស្ឋ ព្រោះ​តាម​រដូវ​កាល​នៅ​ប្រទេស​យើង រដូវ​ភ្លៀង​ធ្លាក់​ចាប់​តាំង​ពី​ខែ​ពិសាខ​មក តែ​បើ​ខែ​ពិសាខ​ផុត​ទៅ​ហើយ​ក៏​នៅ​តែ​គ្មាន​ភ្លៀង គេ​ក៏​រៀបចំ​ធ្វើ​ពិធី​វរុណសាស្ត្រ បួង​សួង​សុំ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​កសិករ បាន​ប្រកប​ការ​ងារ​ចិញ្ចឹម​ជីវិត ។ ពិធី​បួង​សួង​សុំ​ភ្លៀង​នេះ អ្នក​ប្រាជ្ញ​ពី​បូរាណ​បាន​ប្រតិដ្ឋ​ឡើង​ស្រប​ទៅ​តាម​លក្ខណៈ គតិ​ពុទ្ធ​សាសនា ដោយ​សំអាង​យក​គុណានុភាព​នៃ​ព្រះ​រតន​ត្រ័យ អាស្រ័យ​ទេវានុភាព​នឹង​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក ដើម្បី​ជា​ផ្លូវ​ចិត្ត​ប្រព្រឹត្ត​ទៅ​តាម​បំណង ។ ពិធីការ តាម​ទំនៀម​បូរាណ អ្នក​រៀបចំ​ពិធី​ត្រូវ​ជីក​ដី​ជម្រៅ​មួយ​ហត្ថ​ជា​រាង​បួន​ជ្រុង​ស្មើ​ប្រវែង​មួយ​ជ្រុង​ៗ​២​ហត្ថ​១​ចំអាម រួច​ព័ន្ធ​ព័ទ្ធ ដោយ​រាជវតិ ដោយ​ឆត្រ…