ប្រវត្តិនៃឈ្មោះមន្ទីរពេទ្យគន្ធបុប្ផា

ប្រវត្តិនៃឈ្មោះមន្ទីរពេទ្យគន្ធបុប្ផា
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ទ្រង់ប្រសូតនៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស.២៤៩១ ត្រូវនឹងថ្ងៃទី១៦ ខែសីហា គ.ស.១៩៤៨ វេលាម៉ោង១១ និង៣០នាទី។ ព្រះអង្គគឺជាព្រះធីតាអង្គទី៨ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសនមុនី។ ព្រះរាជធីតា នរោត្ដម គន្ធបុប្ផា តាំងពីទ្រង់ប្រសូតមក ព្រះករុណាជាអម្ចាស់ជីវិតជាព្រះវររាជបិតា ទ្រង់ទុកឲ្យគង់នៅប្រាសាទខេមរិន្ទ្រជិតព្រះអង្គជាប់ជាដរាបមក។ ដោយទ្រង់បានថែរក្សាដោយការថ្នាក់ថ្នមជាទីបំផុត ទ្រង់ពុំសូវដែលឲ្យមានការឃ្លាតពីព្រះអង្គយូរទេ។ ព្រះមហាក្សត្រិយ៍ទ្រង់ពេញព្រះរាជហឫទ័យ និងព្រះរាជធិតាព្រះអង្គនេះណាស់ ព្រោះទ្រង់ធ្លាប់បានសង្កេតឃើញថា ព្រះធីតាមានសណ្ដាប់ធ្នាប់ល្អប្លែកខុសពីក្មេងធម្មតា។ ការខុសត្រូវផ្សេងៗមិនចាំបាច់ព្រះវររាជបិតាមាតា ឬភីលៀងថែរក្សាមានព្រះបន្ទូល ឬនិយាយបញ្ចេះក៏ទ្រង់អាចជ្រាបបានដោយព្រះអង្គឯង ហើយប្រកបនឹងកិរិយាឫកពារដ៏រមទម្យថ្លៃថ្នូរស្ងប់ស្ងៀម សមជាព្រះរាជធីតាម្ចាស់ផែនដីពិតៗមិនទាស់នឹងភ្នែកអ្នកផងទាំងពួង។ ហេតុតែទ្រង់មានសុខភាពពុំសូវបរិបូណ៌ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ច្រើនប្រឈួនព្រះទាហរោគ (គ្រ…