រឿងបុរសកាសសាមសិប

រឿងបុរសកាសសាមសិប
កាល​ពីព្រេង​នាយ​ មាន​បុរស​ម្នាក់​ នៅ​ស្រុក​មួយ​ អា​ពុក​ម្ដាយ​ស្លាប់​ទៅ​ នៅ​កំព្រា​តែ​ម្នាក់​ឯង​ ហើយ​ក្រលំបាក​ណាស់​ គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទេ​ មាន​តែ​កាស​៣០​ច្រក​ក្នុង​ទៃ​ ក្រវាត់​ជាប់​នៅ​ចង្កេះ​ជា​និច្ច ។ បុរស​នោះ​ពិចារណា​ថា << អញ​ទៅ​ទីពឹង​អ្នក​ណា​នឹង​បាន​សុខ >> គិត​ទៅ​ឃើញ​ថា << គួរ​អញ​ទៅ​ជ្រក​កោន​ នឹង​លោក​ក្រឡា​ហោម​ចុះ >>។ ហើយ​ក៏​ដើរ​ចេញ​ពី​ផ្ទះ​ទៅ , ទៅ​ដល់​ក្រាប​សំពះ​តាម​សមគួរ ។ លោក​ក្រឡា​ហោម​សួរ​ថា << ជី​ឯង​ មក​ពី​ស្រុក​ណា​ មាន​ការ​អ្វី ? >> ។ បុរស​នោះ​ជំរាប​ថា << ខ្ញុំ​បាទ​ មក​ពី​ស្រុក​ឆ្ងាយ​ អា​ពុក​ម្ដាយ​ស្លាប់​ចោល​អស់​ហើយ​ នៅ​កំព្រា​តែ​ម្នាក់​ឯង, ខ្ញុំ​បាទ​មក​នេះ​ នឹង​សូម​ជ្រក​កោន​នៅ​បម្រើ​ ជា​កូន​ក្មួយ​ត​ទៅ​ សូម​ព្រះ​តេជ​ព្រះ​គុណ​មេត្តា >> ។ លោក​នោះ​សួរ​ថា​ ជី​ឯង​ចេះ​អក្សរ​ល្មម​ធ្វើ​ជា​ស្មៀន​បាន​ឬ​ទេ ?>> ។ បុរស​ជំរាប​ថា << អក្សរ​ខ្ញុំ​បាទ​មិន​ចេះ​ទេ >> ។ លោក​ក្រឡា​ហោម​ប្រាប់​ថា << យើង​ទទួល​ឲ្យ​នៅ​បាន​ តែ​ត្រូវ​ឲ្យ​ជី​ឯង​បោស​សម្រាម​ក្រោម​ផ្ទះ​យើង​ រៀង​រាល់​ថ្ងៃ​កុំ​ខាន >> ។ បុរស​នោះ​ក៏​នៅ​បម្រើ​ ប…