សាមកុក (ឬ នគរទាំងបី) គឺជារឿងភាគនិទានបុរាណរបស់ចិនដ៏ល្បីល្បាញ។ យោងតាមប្រវត្តិសាស្ត្រប្រទេសចិន នៅអំឡុងឆ្នាំ ១៨៤ ដល់ ២៨០ នៃរជ្ជកាលស្តេចហាន ក្រុមស្តេចត្រាញ់ និងមេទ័ពចិន បានប្រើល្បិចគ្រប់លទ្ធភាពក្នុងកិច្ចការចម្បាំង ដើម្បីដណ្តើមទឹកដីគ្នាទៅវិញទៅមក។
បច្ចុប្បន្ន រឿងសាមកុកបានជ្រួតជ្រាបយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យកម្ពុជា ព្រោះរឿងភាគនេះបានបង្កប់នូវ ល្បិចយុទ្ធសាស្ត្រ របៀបប្រើប្រាស់មនុស្ស វិធីសាស្ត្រសង្គ្រាម និងការដឹកនាំទ័ព។ ល្បិចយុទ្ធក្នុងរឿងសាមកុកនេះ ភាគច្រើនជាការប្រើបញ្ញាដើម្បីបំបែកបំបាក់ បំផ្លាញកម្ទេច និងទិញទឹកចិត្តដៃគូប្រឆាំងរបស់ខ្លួន។
ដូច្នេះ ដើម្បីជាប្រយោជន៍ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងជ្រើសរើសនូវទស្សនៈល្អៗពីក្នុងសាច់រឿងសាមកុកនេះ ខ្ញុំនឹងចំណាយពេលខ្លះដើម្បីប្រមូលផ្តុំនូវគំនិត និងទស្សនៈអប់រំផ្សេងៗ ដើម្បីចូលរួមចំណែកចែករំលែកជាគ្រឿងប្រដាប់បញ្ញាស្មារតី និងបង្កើនចំណេះដឹងថ្មីៗផងដែរ។
សូមបញ្ជាក់ថា៖ ការចងក្រងនេះ មិនមែនដើម្បីការឈ្លក់វង្វេង ឬប្រៀបធៀបខ្លួនទៅនឹងតួអង្គណាមួយនៃសាច់រឿងឡើយ គឺគ្រាន់តែចង់ស្រង់យកនូវគំនិតទស្សនៈអប់រំប៉ុណ្ណោះ។ សូមអរគុណ!
រឿងសាមកុក (នគរបី)
បញ្ជាក់បន្ថែម៖ ក្នុងសាច់រឿងខាងលើនេះមានភាពលម្អិតលម្អន់ខ្លាំងណាស់ ទាំងយុទ្ធសាស្ត្រ ល្បិចកល និងការប្រើមនុស្ស។ ដូច្នេះ សមត្ថភាពរបស់ខ្ញុំបាទមិនអាចធ្វើការអត្ថាធិប្បាយបានល្អឥតខ្ចោះនោះទេ តែដោយក្តីស្រឡាញ់ និងចង់ចេះចង់ដឹង ទើបខ្ញុំព្យាយាមសិក្សា និងកត់ត្រាតិចតួចតាមដែលអាចធ្វើទៅបាន។ គួរពុំគួរ សូមអភ័យទោស!