ស៊ុយអែត​និង​ថៃ​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​-លក់​យន្តហោះ​ចម្បាំង Gripen E/F ចំនួន​៤​គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ​ ៥៥០ លានដុល្លារ

ចៅព្រាហ្មណ៍

បាំងកក៖ ក្រុមហ៊ុន Saab របស់​ប្រទេស​ស៊ុយអែត​បាន​ប្រកាស​ថា​ខ្លួន​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​រដ្ឋបាល​សម្ភារៈ​ការពារ​ជាតិ​ស៊ុយអែត (FMV) ដើម្បី​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង Gripen E/F ចំនួន​៤​គ្រឿង​សម្រាប់​ប្រទេស​ថៃ។ កិច្ច​ព្រមព្រៀង​នេះ​មាន​តម្លៃ​ប្រមាណ​៥,៣​ពាន់​លាន​ក្រូណា​ស៊ុយអែត (SEK) ត្រូវនឹងប្រមាណជា ៥៥០ លានដុល្លារ ហើយ​ការ​ដឹក​ជញ្ជូន​គ្រោង​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ​២០២៥ ដល់​ឆ្នាំ​២០៣០។


ការ​ចុះ​កិច្ច​សន្យា​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​ថៃ​និង​ស៊ុយអែត​កំពុង​ប្រឈម​មុខ​នឹង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​និង​សាធារណជន ក្រោយ​ពី​យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង Gripen C/D ដែល​ខ្លួន​មាន​ស្រាប់​វាយប្រហារ​លើ​ប្រទេស​កម្ពុជា​កាលពី​ខែ​សីហា។


កិច្ច​សន្យា​រវាង​ក្រុមហ៊ុន Saab និង FMV រួម​មាន​យន្តហោះ Gripen E ចំនួន​៣​គ្រឿង និង Gripen F ចំនួន​១​គ្រឿង រួម​ជាមួយ​នឹង​ឧបករណ៍​ពាក់ព័ន្ធ ការ​គាំទ្រ និង​ការ​បណ្តុះបណ្តាល។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Saab បាន​លើក​ឡើង​ថា​ខ្លួន​ក៏​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​កងទ័ព​អាកាស​រាជ​ថៃ​ដើម្បី​ផ្តល់​កញ្ចប់​សំណង​រយៈពេល​វែង​ដែល​រួម​បញ្ចូល​ការ​ផ្ទេរ​បច្ចេកវិទ្យា​ការពារ​ជាតិ​និង​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​ដ៏​សំខាន់​ផង​ដែរ។

Saab receives Gripen E/F order for Thailand

លោក Micael Johansson ប្រធាន​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Saab បាន​ថ្លែង​ស្វាគមន៍​ប្រទេស​ថៃ​ដែល​ជា​អតិថិជន​ថ្មី​សម្រាប់​យន្តហោះ Gripen E/F។ លោក​បាន​បន្ត​ថា៖ «ប្រទេស​ថៃ​បាន​ជ្រើសរើស​យន្តហោះ​ចម្បាំង​ដែល​ទំនើប​បំផុត​នៅ​ក្នុង​ទីផ្សារ​ដើម្បី​កសាង​សមត្ថភាព​យុទ្ធសាស្ត្រ​ឯករាជ្យ​ជំនាន់​ក្រោយ​របស់​ខ្លួន»។


បច្ចុប្បន្ន កងទ័ព​អាកាស​រាជ​ថៃ​កំពុង​ប្រើប្រាស់​យន្តហោះ​ចម្បាំង Gripen C/D ចំនួន​១១​គ្រឿង​ហើយ​គ្រោង​នឹង​ទិញ​យន្តហោះ​ស៊េរី​ថ្មី​ Gripen E/F ចំនួន​៤​គ្រឿង​ទៀត​ដើម្បី​បន្ថែម​សមត្ថភាព​យោធា​របស់​ខ្លួន។