ជប៉ុន៖ ខ្លាំងតែស្ងៀម ចិន៖ ទើបតែមានតែបង្អួតរំពងមេឃ

ចៅព្រាហ្មណ៍

ហេតុអ្វីជប៉ុនមានបច្ចេកវិទ្យាកំពូលតែមិនសូវអួត ចំណែកចិនទើបតែរីកចម្រើនបែជាប៉ោងរំពងមេឃ? នៅក្នុងពិភពលោកដែលអំណាចជាតិត្រូវបានវាស់វែងដោយការគ្រប់គ្រងបច្ចេកវិទ្យា ផ្លូវដើររបស់ជប៉ុនហាក់ដូចជាមិនសូវមានមហិច្ឆតា ប៉ុន្តែតាមពិតវាគឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាតបំផុត។

Japan’s Quiet Power vs. China’s Loud Ambition

គេមិនអាចប្រកែកបានទេនូវការចូលរួមចំណែករបស់ជប៉ុនចំពោះវិទ្យាសាស្ត្រពិភពលោក។ តាំងពីការបង្កើតអំពូល LED ពណ៌ខៀវដែលផ្លាស់ប្តូរការប្រើប្រាស់ថាមពល រហូតដល់ប្រព័ន្ធរថភ្លើងល្បឿនលឿន ជប៉ុនបានឈរនៅជួរមុខនៃភាពរីកចម្រើនជាយូរមកហើយ។

ទោះបីជាមានសមិទ្ធផលអស្ចារ្យយ៉ាងណា ក៏ជប៉ុនមិនដែលផ្សព្វផ្សាយខ្លួនឯងថាជា "មហាអំណាចវិទ្យាសាស្ត្រ" ដូចអ្វីដែលអាមេរិក អាល្លឺម៉ង់ ឬចិនកំពុងធ្វើនោះទេ។ យោងតាមបណ្ឌិត Phar Kim Beng អ្នកជំនាញអាស៊ានបានលើកឡើងថា នេះមិនមែនជប៉ុនខ្វះសមត្ថភាពទេ ប៉ុន្តែវាជាជម្រើសយុទ្ធសាស្ត្រដែលកើតចេញពីប្រវត្តិសាស្ត្រ វប្បធម៌ និងនយោបាយ។

 មេរៀនពីអតីតកាល

ភាពដាក់ខ្លួនរបស់ជប៉ុនមានប្រភពចេញពីប្រវត្តិសាស្ត្រ។ កាលពីសម័យសង្គ្រាមលោកលើកទី២ បច្ចេកវិទ្យារបស់ជប៉ុនត្រូវបានគេយកទៅប្រើក្នុងគោលបំណងយោធា និងការឈ្លានពាន។ បន្ទាប់ពីបរាជ័យក្នុងឆ្នាំ ១៩៤៥ និងការរងគ្រោះដោយគ្រាប់បែកបរមាណូនៅ Hiroshima និង Nagasaki ជប៉ុនបានសម្រេចចិត្តបោះបង់ចោលមហិច្ឆតាយោធា។ ចាប់ពីពេលនោះមក ការបង្អួតកម្លាំងវិទ្យាសាស្ត្រ ជាពិសេសអ្វីដែលពាក់ព័ន្ធនឹងយោធា បានក្លាយជារឿងរសើបខ្លាំងសម្រាប់ពួកគេ។

 ផ្ដោតលើការអនុវត្ត ជាជាងទ្រឹស្តី

ជប៉ុនចូលចិត្តឱ្យគេស្គាល់ថាជា "មហាអំណាចឧស្សាហកម្ម" ច្រើនជាងមជ្ឈមណ្ឌលទ្រឹស្តី។ ពួកគេខ្លាំងខាងផ្នែកមនុស្សយន្ត ការផលិតគ្រឿងម៉ាស៊ីនច្បាស់លាស់ និងវិទ្យាសាស្ត្ររូបធាតុ។ បើទោះជាជប៉ុនមានសាកលវិទ្យាល័យល្បីៗ ប៉ុន្តែក្រុមហ៊ុនធំៗដូចជា Toyota, Sony និង Panasonic តែងតែផ្ដោតលើការធ្វើឱ្យបច្ចេកវិទ្យាក្លាយជាផលិតផលដែលអាចលក់បាន ជាជាងការស្រាវជ្រាវទ្រឹស្តីថ្មីៗដើម្បីយកពានរង្វាន់។

 វប្បធម៌ខ្លាចការបរាជ័យ

ជនជាតិជប៉ុនឱ្យតម្លៃលើ "ភាពឥតខ្ចោះ" និងការកែលម្អបន្តិចម្ដងៗ ជាជាងការផ្លាស់ប្តូរទាំងស្រុង។ ផ្ទុយពីអាមេរិកដែលហ៊ានចំណាយលើគម្រោងប្រថុយប្រថានខ្លាំង ឬចិនដែលកំពុងចាក់លុយរាប់ពាន់លានដុល្លារទៅក្នុងបច្ចេកវិទ្យា AI និងអវកាសដើម្បីដណ្ដើមតំណែងលេខ១ ជប៉ុនជ្រើសរើសផ្លូវដើរដោយប្រយ័ត្នប្រយែងបំផុត។

 មហាអំណាចស្ងប់ស្ងាត់

ដោយសារច្បាប់រដ្ឋធម្មនុញ្ញសន្តិភាព ជប៉ុនមិនអាចយកវិទ្យាសាស្ត្រទៅប្រើក្នុងសង្គ្រាមបានឡើយ។ ទោះបីជាពួកគេមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេលតែប៉ុន្មានខែក៏ដោយ ក៏ពួកគេជ្រើសរើសមិនធ្វើ។ ជប៉ុនមិនចង់ឱ្យមានការប្រកួតប្រជែងសព្វាវុធជាមួយប្រទេសជិតខាងដូចជា ចិន ឬកូរ៉េខាងត្បូងឡើយ។

ជប៉ុនជ្រើសរើសធ្វើជា "មេដឹកនាំស្ងប់ស្ងាត់"។ ពួកគេមិនត្រូវការការប្រកាសក្តែងៗថាខ្លួនខ្លាំងនោះទេ ប៉ុន្តែផលិតផល និងបច្ចេកវិទ្យារបស់ពួកគេកំពុងទ្រទ្រង់ឧស្សាហកម្មស្ទើរតែពេញពិភពលោកទៅហើយ។ ក្នុងពិភពលោកដែលចូលចិត្តការអួតអាង ផ្លូវដើររបស់ជប៉ុនមើលទៅហាក់ដូចជាយឺត ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រដ៏មានស្ថិរភាព និងឆ្លាតវៃបំផុត។