លោក «James Gomez» បានថ្លែងបរិហារ ការចាប់ខ្លួនលោក កឹម សុខា នេះថាបានបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ ថាអាជ្ញាធររដ្ឋាភិបាលកម្ពុជា បានប្រើកណ្ដាប់ដៃរបស់ខ្លួន សង្កត់ទៅលើប្រព័ន្ធយុត្តិធម៌ ហើយបានប្រើប្រាស់ប្រព័ន្ធយុត្តិធម៌នេះ ជាមធ្យោបាយ ដើម្បីរឹតត្បិត និងឈានទៅបំបាត់សម្លេងប្រឆាំង នៅមុនការបោះឆ្នោតជាតិ។
បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «រឿងនេះ ជារឿងក្បត់ជាតិ ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវ តម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលជាបាតដៃទី៣! អ្នកបាតដៃ ដែលធ្លាប់ប្រើ លន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតទៀត។ (...) ដូចព្រឹត្តិការណ៍ស្លាប់មនុស្ស នៅតាមផ្លូវវេងស្រេង។ អ្វីៗទាំងអស់ មនុស្សនេះអ្នកកសាងដូច្នេះ។ ការចាប់ខ្លូននៅពេលនេះ គឺជាការទូទាត់បញ្ជី ពីដើមដល់ចប់ ហើយបាតដៃពីក្រោយ វានៅតែដដែល គឺអាមេរិកាំង។ អំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្បត់ជាតិខ្លួនឯង គឺតម្រូវឲ្យមានការចាប់ខ្លួនភ្លាម។»។
សម្រាប់លោក «James Gomez» បានវាយតម្លៃវិធានការខាងលើ របស់រដ្ឋាភិបាល ថាជាដំណាក់កាល«ដ៏ខ្លាំងក្លា»មួយ ក្នុងការគាបសង្កត់ គម្រាមកំហែង ទៅលើក្រុមអ្នករិះគន់ និងសារព័ត៌មានឯករាជ្យ។ លោកថា៖ «វាដល់ពេលហើយ ដែលសហគមន៍អន្តរជាតិ ត្រូវបង្ហាញពីជំហរច្បាស់ របស់ផងខ្លួន និងត្រូវដាក់គំនាប ទៅលើលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដើម្បីដាក់បញ្ចប់ នូវភាពតានតឹងផ្នែកនយោបាយ ប្រកបដោយគ្រោះថ្នាក់នេះ និងដើម្បីឲ្យមានការគោរពច្បាប់ ជាមូលដ្ឋាន»។