ជម្លោះព្រំដែនរវាងប្រទេសថៃនិងកម្ពុជា ដែលបានផ្ទុះឡើងកាលពីខែកក្កដា បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ហើយបញ្ហានេះពិតជាដូចជាការសាចទឹកដាក់គ្នា គឺរងផលប៉ះពាល់ដូចគ្នា ទាំងកម្ពុជា ទាំងថៃ។ ទិដ្ឋភាពជាក់ស្តែងថៃ រងផលប៉ះពាល់ដោយសារ កង្វះកម្លាំងពលកម្ម និងការខាតបង់ពាណិជ្ជកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្ពុជាវិញ រងផលប៉ះពាល់ដោយសារ ការបាត់បង់ប្រាក់ចំណូល ពីពលករ និងការកើនឡើងនូវសម្ពាធលើការបង្កើតការងារនៅក្នុងស្រុក។
និយាយជារួម ជម្លោះនយោបាយនិងយោធាបែបនេះ មិនបានផ្តល់ផលចំណេញដល់ភាគីណាមួយឡើយ គឺសុទ្ធតែមានតែការខាតបង់សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។
- សម្រាប់ប្រទេសថៃ: ប្រទេសថៃអាចនឹងខាតបង់ពាណិជ្ជកម្មជាមួយកម្ពុជាប្រមាណ ១.៨៥ ពាន់លានដុល្លារ (នេះបើតាមការ ចុះផ្សាយរបស់សារព័ត៌មាន Nikkei Asian) ប្រសិនបើច្រកព្រំដែននៅតែបន្តបិទ។ ការនាំចេញទំនិញសំខាន់ៗដូចជារថយន្ត គ្រឿងម៉ាស៊ីន និងអាហារស្រស់ៗត្រូវរងផលប៉ះពាល់។ លើសពីនេះ ការចាកចេញរបស់ពលករកម្ពុជាជាង ៨០០,០០០ នាក់ ក៏បណ្តាលឲ្យមានការភ័យខ្លាចចំពោះ កង្វះកម្លាំងពលកម្ម នៅក្នុងវិស័យសំខាន់ៗរបស់ថៃផងដែរ។
- សម្រាប់ប្រទេសកម្ពុជា: កម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដែរ។ ការវិលត្រឡប់របស់ពលកររាប់សែននាក់អាចបង្ក សម្ពាធលើទីផ្សារការងារ និងធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ប្រាក់ចំណូលដ៏សំខាន់។ តែយើងក៏មើលឃើញថា រដ្ឋាភិបាល រួមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដោះស្រាយ គឺដើម្បីធានាថា ពលករទាំងនោះនឹងមានប្រាក់ចំណូលសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងជៀសវាងបញ្ហាសង្គម។
ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ ក៏ភាពតានតឹងនៅតែបន្ត។ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសទាំងពីរបញ្ចប់ជម្លោះ ហើយគំរាមថានឹងរារាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ផលប៉ះពាល់សេដ្ឋកិច្ចនេះមើលទៅហាក់ដូចជាប៉ះពាល់ដល់កម្ពុជាខ្លាំងគួរសមដែរ ដោយសារសេដ្ឋកិច្ចកម្ពុជាមានទំហំតូចជាងថៃច្រើន។
d#peace #cambodianeedpeace #blogger
