ព័ត៌មានថ្មី៖ ថៃមាននាយករដ្ឋមន្ត្រីថ្មី

សភាថៃបានបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul អាយុ ៥៨ ឆ្នាំ ដែលជាមេដឹកនាំគណបក្សភូមិជ័យថៃ ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។

  • ទីភ្នាក់ងារសារព័ត៌មាន The Nation (ថៃ) បានរាយការណ៍ថា លោក Anutin Charnvirakul ដែលជាមេដឹកនាំគណបក្សភូមិជ័យថៃ (គណបក្សមោទកភាពថៃ) ទើបតែត្រូវបានបោះឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលចម្រុះទទួលបានជោគជ័យ ដោយមានការគាំទ្រពីគណបក្សប្រជាជន។ ជាមួយនឹងជ័យជម្នះរបស់សម្ព័ន្ធភាពនេះលើបេក្ខជន Chaikasem Nitisiri នៃគណបក្សភឿថៃ លោក Anutin អាចបង្កើតរដ្ឋាភិបាលសំឡេងភាគតិចបាន។

ក្នុងចំណោមសំឡេងឆ្នោតសរុប ៤៩០ សំឡេង ៣១១ សំឡេងបានគាំទ្រលោក Anutin, ១៥២ សំឡេងបានគាំទ្របេក្ខជន Chaikasem និង ២៧ សំឡេងបានអនុប្បវាទ។

យោងតាមរដ្ឋធម្មនុញ្ញថៃ បេក្ខជនម្នាក់ត្រូវទទួលបានយ៉ាងហោចណាស់ ២៤៧ សំឡេងឆ្នោតពីសមាជិកសភា ៤៩២ នាក់នៃសភាជាន់ទាប ដើម្បីចូលកាន់តំណែង។

ប្រធានសភាថៃ លោក Wan Muhammad Nor Matha នឹងស្នើសុំការយល់ព្រមពីព្រះមហាក្សត្រថៃ មុនពេលដែលលោក Anutin ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងបង្កើតគណៈរដ្ឋមន្ត្រីថ្មីជាផ្លូវការ។

  • ទីភ្នាក់ងារព័ត៌មាន Reuters (អង់គ្លេស) បានផ្តល់ព័ត៌មានមួយចំនួនទាក់ទងនឹងលោក Anutin និងគណបក្សភូមិជ័យថៃ៖

ភូមិជ័យថៃគឺជាគណបក្សធំទីពីរនៅក្នុងសម្ព័ន្ធភាពដែលដឹកនាំដោយគណបក្សភឿថៃរបស់លោកស្រី Paetongtarn; នៅពេលនោះលោក Anutin ជានាយករដ្ឋមន្ត្រីរង។

លោក Anutin បានដកខ្លួនចេញពីសម្ព័ន្ធភាពគ្រប់គ្រងកាលពីខែមិថុនា បន្ទាប់ពីមានការលេចធ្លាយខ្លឹមសារនៃការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn Shinawatra និងលោក ហ៊ុន សែន។ ខ្លឹមសារនៃការសន្ទនានោះ គឺជាមូលហេតុដែលនាំឱ្យលោកស្រី Paetongtarn ត្រូវបានតុលាការធម្មនុញ្ញថៃទម្លាក់តំណែងកាលពីសប្តាហ៍មុន ដោយសារតែរំលោភលើក្រមសីលធម៌។

គណបក្សប្រជាជនដែលជាគណបក្សប្រឆាំង - កាន់កាប់ជិតមួយភាគបីនៃអាសនៈក្នុងសភាជាន់ទាប និងជាគណបក្សធំជាងគេក្នុងសភាថៃ - បាននិយាយថានឹងគាំទ្រលោក Anutin ជានាយករដ្ឋមន្ត្រី ដើម្បីជាថ្នូរនឹងការប្តេជ្ញាចិត្តរំលាយសភាក្នុងរយៈពេល ៤ ខែ។ គណបក្សប្រជាជននឹងមិនចូលរួមក្នុងរដ្ឋាភិបាលទេ។